ភ្នំពេញ៖ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានបង្ហាញនូវការសាទរាំ ចំពោះជំនួប រវាងឥស្សរជនខ្មែរ ពីររូប គឺសម្តេចតេជោ ហ៊ុន សែន និង លោកកឹម សុខា កាលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសលោកចូលរួមបុណ្យសព របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅៗថ្មីនេះ។

យោងតាមហ្វេសប៊ុកលោក កឹម សុខា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា «ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំ កម្ពុជា   បានសាទរចំពោះជំនួបរវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម កឹម សុខា នៅថ្ងៃទី៥ ខែឧសភា។ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការគាំទ្រ ចំពោះការជួបនេះ ដោយចាត់ទុកថាជារឿងវិជ្ជមាន»។

ក្នុងជំនួបនេះ លោក កឹម សុខា និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នា អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពអនាគតទៀត។

សូមរំលឹកថា  នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោ៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ